រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ក្រុងតាខ្មៅ

++++++++ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល​ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ខែកុម្ភះ ឆ្នាំ២០២៣។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺជា​គោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។

លោកជំទាវ បានស្នើដល់លោក លោកស្រី យកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ។សម្រាប់ឆ្នាំក្រោយៗ ខេត្តកណ្តាលរបស់យើងទាំងមូល នឹងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននូវជ័យលាភីជើងឯក និងពានរង្វាន់កម្រិតផ្កាយគ្រប់ថ្នាក់រដ្ឋបាលទាំងអស់។ លោកជំទាវបានបន្តថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។

ដោយបញ្ហាសេវាសង្គម មួយចំនួនដែលរួមមាន ដូចជាបញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ជាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ។ ហើយបញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័ន ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងប្រកបដោយសមធម៌។ សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពាន​រង្វាន់ជើង​ឯកសេវា​សង្គម​រដ្ឋបាល​ខេត្ត ប្រចាំ​​ឆ្នាំ​២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពាន​រង្វាន់ជើង​ឯកសេវា​សង្គម​​រដ្ឋបាល​ក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ក្នុងនោះចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន២សង្កាត់ គឺសង្កាត់ព្រែកហូរ និងសង្កាត់កំពង់សំណាញ់។ចំណាត់ថ្នាក់ផ្កាយ២ មានចំនួន៦សង្កាត់ គឺសង្កាត់ដើមមៀន សង្កសត់រកាខ្ពស់ សង្កាត់តាក្តុល សង្កាត់ស្វាយរលំ សង្កាត់ព្រែកឫស្សី សង្កាត់សិត្បូ ។ចំណាត់ថ្នាក់ផ្កាយ១ មានចំនួន២សង្កាត់ គឺសង្កាត់កោះអន្លុងចិន និងសង្កាត់តាខ្មៅ៕

អត្ថបទទាក់ទង