ខេត្តកណ្ដាល៖ ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច រួមជាមួយអាជ្ញាធរស្រុកស្អាង បានចុះពិនិត្យការជីកយកអាចម៍ដីមួយកន្លែងស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងការចុះពិនិត្យរណ្ដៅជីកយកអាចម៍ដីនេះដែរ គណៈកម្មាធិការរបស់ខេត្ត រួមជាមួយនឹងមន្ទីរពាក់ព័ន្ធ បានរកឃើញថារណ្ដៅដីនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងការកោតសរសើរដល់ម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលបានគោរព និងអនុវត្តតាមច្បាប់បានត្រឹមត្រូវ។ ហើយឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ម្ចាស់អាជីវកម្មជីកយកអាចម៍ដីទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់ឱ្យបានគ្រប់ៗគ្នា ជៀសវាងការជីកយកអាចម៍ដីដោយគ្មានច្បាប់ ដែលអាចប្រឈមក្នុងការជាប់ទោសទាន់ ឬពិន័យទៅតាមច្បាប់ដែលបានកំណត់។ ក្នុងនោះផងដែរឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយសូមពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ជៀសវាងផ្សាយព័ត៌មានមិនពិត។ ដោយការពិនិត្យ ត្រូវសហការជាមួយម្ចាស់ទីតាំ អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីអោយបានគ្រប់ជ្រុងជ្រោយទើបចេញផ្សាយ។