+++++ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធី ស្រោចស្រពព្រះសុគន្ធវារី បុណ្យផ្ការស្មីសាមគ្គី និងប្រកាសតែងតាំងព្រះឧទ័យវស្សា ភិន ផល្លី ឡើងជាព្រះរាជាគណថ្នាក់កិត្តិយស នៅវត្តអង្គពពាយមានជ័យ ស្ថិតក្នុងក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ឯកឧត្តមបានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ឯកឧត្តមបានលើកឡើង ពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនា និងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយសារថ្ងៃជ័យជនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។