++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្ដីពីការគាំទ្រលើកកម្ពស់វិស័យសេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី លោក-លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា កិច្ចប្រជុំយើងក្នុងពេលនេះ គឺមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងចែករំលែកនៃមេរៀនបទពិសោធន៍និងការអនុវត្តល្អៗ ជូនដល់សមាសភាពអ្នកពាក់ព័ន្ធសំខាន់ៗ នៅក្នុងដំណើរការនៃការគាំទ្រដល់គម្រោងលើកកម្ពស់វិស័យសេវាសង្គមនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ ជាពិសេសការអនុវត្តកម្មវិធីពានរង្វាន់សង្គមតែម្ដង។លោកជំទាវ បានបន្តទៀតថា កម្មវិធីនេះ ជាកម្មវិធីរាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តតាមរយៈ ក្រសួងមហាផ្ទៃ ដូចនេះយើងដែលជាសេនារីយោរបស់រាជរដ្ឋាភិបាល គឺត្រូវតែមានកាតព្វកិច្ចចូលរួម និងលើកកម្ពស់ការអនុវត្តគោលនយោបាយទាំងអស់ ហើយអនុវត្តអោយបានយ៉ាងល្អថែមទៀតផង។ ចំពោះការចូលរួមលើការអនុវត្តទាំងនេះ គឺជាកត្តាលីករមួយ ដែលឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ ការចូលរួមអនុវត្ត និងការលើកស្ទួយក្នុងការគាំទ្រយ៉ាងពិតប្រាកដ របស់ប្រមុខរាជរដ្ឋាភិបាល ។លោកជំទាវ ក៏បានស្នើឱ្យលោក លោកស្រី ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារសេវាសង្គមនេះទាំងអស់គ្នា ជាពិសេសគឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្ដង ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃនៃការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងទាំងអស់គ្នាផងដែរ។ ហើយសង្ឃឹមថា សម្រាប់ឆ្នាំក្រោយៗខេត្តកណ្ដាលរបស់យើងទាំងមូល និងទទួលបានស្នាដៃល្អជាងនេះ ព្រមទាំងបាននៃជ័យលាភីជើងឯកនិងពានរង្វាន់ផ្កាយ៣ ឬផ្កាយ២ គ្រប់ថ្នាក់រដ្ឋបាលទាំងអស់ ។