+++++++ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើងថា ផ្លូវបេតុងពីរខ្សែនេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងខេត្តកណ្ដាល ដែលកើតមានឡើងបានដោយកត្តាសុខសន្តិភាព និងគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍគ្រប់វិស័យឥតឈប់ឈរ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី អាជ្ញាធរក្រុង មន្ទីរជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៤០០នាក់។
ឯកឧត្ដមអភិបាលខេត្តបានចាត់ទុក សមិទ្ឋផលផ្លូវទាំង២ខ្សែនេះ ថាពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចជាសាធារណជនទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត តែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង និង ស្របតាមសូចនាករនៃគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និង លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ឯកឧត្ដមបន្តថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវទាំង២ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក សំដៅចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងតាខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។សូមបញ្ចាក់ថា ផ្លូវបេតុងអាមេ ចំនួន ២ខ្សែ មានប្រវែងសរុប ៨៣០ ម៉ែត្រ ក្នុងនោះ ខ្សែទី១ប្រវែង ៥៦០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ និងខ្សែទី២ប្រវែង ២៧០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។