ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរដល់រដ្ឋបាលស្រុកអង្គស្នួល ក៏ដូចជារដ្ឋបាលឃុំមួយចំនួនទៀត ដែលទទួលបានពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំណាត់ថ្នាក់ "ផ្កាយ៣"។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល និងរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកអង្គស្នួល នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅសល់ប្រជុំសាលាស្រុកអង្គស្នួល។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បន្តថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់លោក លោកស្រី យកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ ពិសេសត្រូវរក្សាឱ្យបាននូវចំណាត់ថ្នាក់ ផ្កាយ៣នេះ នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ឯកឧត្តមក៏បានឱ្យដឹងដែរថា ការផ្តល់សេវាលើវិស័យសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្អែកតាមសូចនាករសេវាសង្គមដែលបានកំណត់ដោយថ្នាក់ជាតិ ហើយលទ្ធផលដែលទទួលបាន គឺមានការទទួលស្គាល់ និងផ្តល់រង្វាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្នាដៃល្អ ហើយកម្រិតផ្កាយមានចំនួន ៣៖• កម្រិតផ្កាយ៣ មានន័យថា «ស្នាដៃឆ្នើម» • កម្រិតផ្កាយ២ មានន័យថា «ស្នាដៃល្អ»• កម្រិតផ្កាយ១ មានន័យថា «សម្រេចបានតាមស្តង់ដារកំណត់» • កម្រិតផ្កាយ០(សូមន្យ) មានន័យថា «មិនសម្រេចបានតាមស្តង់ដារកំណត់» ហើយក៏មិនទទួលបានវិញ្ញាបនបត្រដែរ។ ឯកឧត្តមរងខេត្ត បន្ថែមថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។ ដោយបញ្ហាសេវាសង្គម មួយចំនួនដែលរួមមាន ដូចជាបញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ជាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ។ ហើយបញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័ន ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងប្រកបដោយសមធម៌។ លោកស្រី ឈន ស៊ីថា អភិបាលរងស្រុកអង្គស្នួល តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឱ្យដឹងដែរថា រដ្ឋបាលស្រុកអង្គស្នួល នៃខេត្តកណ្តាលទទួលបានពានរង្វាន់សេវាសង្គមចំណាត់ថ្នាក់ផ្កាយ៣ ទទួលបានចំនួន ៦ឃុំ , ចំណាត់ថ្នាក់ផ្កាយ២ ទទួលបានចំនួន ៣ឃុំ ចំណាត់ថ្នាក់ផ្កាយ១ ទទួលបានចំនួន ១ឃុំ៕