+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថាសាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្ម យុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សាគឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យ នេះ មានមហាវិទ្យាល័យចំនួន ០៥ រួមមាន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យ វិស្វកម្ម និងស្ថាបត្យកម្ម និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ ដែលមានមុខជំនាញ សរុប ២០ជំនាញ។ សាកលវិទ្យាល័យបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ ជំនាន់ ទី១ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសមណនិស្សិត និស្សិត កំពុងសិក្សា ចំនួន ៦០០ នាក់ ស្រី៣៣២ នាក់, មានសាស្ត្រាចារ្យបង្រៀនចំនួន ២៣ អង្គ-នាក់ ស្រី ០៣ នាក់, និងមានថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសរុបចំនួន ៩៧ អង្គ-នាក់ ស្រី ១៦ នាក់។