++++++++ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៦ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្ដាល។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានកោតសរសើរ និងធ្វើការវាយតម្លៃចំពោះលទ្ធផលការងារសម្រេចបានកន្លងមក របស់រដ្ឋបាលខេត្តកណ្ដាល ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានខិតខំរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។ ពិសេសរដ្ឋបានខេត្តបានខិតខំគៀងគររកនូវការវិនិយោគនានា មកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដោយត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ តាមបណ្ដាឃុំ សង្កាត់ ក្នុងស្រុក ក្រុងទាំង១១ ទូទាំងខេត្តកណ្ដាល ក៏ដូចជាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនីយភាព បន្តចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងការចុះបញ្ជីដីរដ្ឋផងដែរ។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថាខេត្តកណ្ដាល នឹងប្រារព្ធពិធីសង្រ្កាន្តខេត្តកណ្ដាល នៅបរិវេណភ្នំព្រះរាជទ្រព្យ ក្នុងស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ។
ឯកឧត្ដមបណ្ឌិតបានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៌ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យ មានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាន នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យឱ្យបានល្អប្រសើរជាប្រចាំផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្តឱ្យបានល្អ និងមានប្រសិទ្ធិភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានគាំទ្រ ចំពោះមតិលេីកឡេីងរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សានិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកុះករ។