រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកអង្គស្នួល រៀបចំកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ ២០២២

ខេត្តកណ្តាល៖រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកអង្គស្នួល រៀបចំកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ ២០២២ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម កៃ វិសាល អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជៀក គឹមឡុង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ នាឱកាសនោះ ឯកឧត្តម កៃ វិសាល បានគូសបញ្ជាក់ថា៖ ក្រសួងមហាផ្ទៃ បានជម្រុញចលនាអនុវត្តតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានធ្វើឱ្យបរិយាកាសសន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។ ឯកឧត្តម បានបន្ថែមថា៖ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ។ឯកឧត្តម បានបន្តថា៖ ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខាងនយោបាយដ៏មោះមុត របស់រាជរដ្ឋាភិបាល សម្រាប់រយៈពេលពីមធ្យមទៅរយៈពេលវែង និងជាផែនទីបង្ហាញផ្លូវក្នុងការបំផុសចលនាឱ្យមានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេស ការជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស អំពើលួចឆក់ប្លន់ ព្រមទាំងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម។ លោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានគូសបញ្ជាក់ថា៖គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានខិតខំបំពេញការងាររបស់ខ្លួនស្របតាមច្បាប់ បទបញ្ជា និងនិតិវិធីជាធរមាន ពិសេសអនុវត្តតាមគោលនយោបាយលេខ ០១ គនប ស្តីពីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រួមមាន៖ការផ្តល់សេវាសាធារណៈ គ្មានបទល្មើស ឆក់នប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ លោកអភិបាលស្រុក បន្តថា៖ដោយគោរពអនុវត្តតាមគផលនយោបាយ ភូមិ​ ឃុំ មានសុវត្ថិភាព រដ្ឋបាលស្រុក បានរៀបចំការប្រឡងប្រណាំងភូមិឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន ដោយមានឃុំចំនួន១០ ចូលរួមការប្រឡងប្រណាំង ក្នុងនោះឃុំដំណាក់អំពិល ទទួលបានចំណាត់ថ្នាក់លេខ១ ហើយបច្ចុប្បន្នរដ្ឋបាលស្រុក និងឃុំដំណាក់អំពិល កំពុងដាក់ពាក់ប្រឡងប្រណាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងនៅឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង