រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ត្រួតពិនិត្យ ក្នុងការប្រមូលទិន្នន័យជំរឿនកសិកម្មនៅទូទាំងប្រទេស

មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ បានស្នើដល់មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យ ក្នុងការប្រមូលទិន្នន័យជំរឿនកសិកម្មនៅទូទាំងប្រទេស ត្រូវចុះសម្ភាសន៍ឱ្យបានគ្រប់គ្រួសារកសិកម្មទាំងអស់ ដោយត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ជាក់លាក់ មានទិន្នន័យស្ថិតិល្អ ដើម្បីឱ្យការរៀបចំគោលនយោបាយបានល្អ នោះប្រជាកសិករទាំងអស់និងទទួលផលល្អទៅតាមនឹងផងដែរ។ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះប្រមូលទិន្នន័យជំរឿនកសិកម្ម នៅទូទាំងប្រទេសកម្ពុជាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការធ្វើជំរឿនកសិកម្មនេះដែរ គឺមានគោលបំណងចង់បាននូវព័ត៌មាន ស្ដីពីស្ថានភាពកសិកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងប្រទេស។ ហើយការធ្វើជំរឿននេះគឺជាលើកទី២ហើយសម្រាប់ប្រទេសកម្ពុជា ដែលលើកទីមួយ យើងបានធ្វើនៅឆ្នាំ២០១៣ ហើយការធ្វើជំរឿននៅឆ្នាំ២០២៣នេះ គឺធ្វើនៅទូទាំងប្រទេស ដែលមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាគ្រួសារកសិកម្ម និងសហគ្រាសកសិដ្ឋានកសិកម្ម សូមឆ្លើយនូវព័ត៌មាន ឬផ្ដល់នូវទិន្នន័យជាក់លាក់ច្បាស់លាស់ ដើម្បីឱ្យបាននូវទិន្នន័យល្អ ក្នុងការរៀបចំគោលនយោបាយល្អដើម្បីកិច្ចអភិវឌ្ឍន៍វិស័យកសិកម្មរបស់យើង និងវិស័យផ្សេងៗទៀតផងដែរ។

អត្ថបទទាក់ទង