រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប៉ាល់ ចាន់តារា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ

+++++++ឯកឧត្ដម ប៉ាល់ ចាន់តារា រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និវត្តន៍ជន កម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នារសៀលថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៣ នៅមន្ទីរសាធារណៈការខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិក កម្មករនាឱកាសនោះ ឯកឧត្ដម ប៉ាល់ ចាន់តារា បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់វិស័យសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព ។ ឯកឧត្ដមបញ្ជាក់ទៀតថា៖ កត្តាសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ជាមួយការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរដែលសម្រេចបានសមិទ្ធផលនានាជាច្រើនរួមមានជួសជុលស្ថាបនាកំណាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុង ការសាងសង់ស្ពានបេតុង ស្តារប្រព័ន្ធលូ ប្រឡាយរំដោះទឹកកខ្វក់ និងសមិទ្ធផលជាច្រើនទៀតផងដែរ។ ឯកឧត្ដម ក៏បានធ្វើការណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ នៅក្នុងក្របខ័ណ្ឌនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ កុំចាំបាច់ពឹងលើបច្ចេកទេសរបស់គេ ហើយខិតខំបម្រើ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល យើងត្រូវធ្វើការឆ្លើយតប និងបម្រើដល់ប្រជារាស្រ្តឱ្យបាលល្អប្រកបដោយគុណភាព ។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាលបានថ្លែងថា៖អស់រយៈពេលជាងបួនឆ្នាំមកហើយដែលមន្ទីរខកខានក្នុងការរៀបចំពិធីជួបសំណេះសំណាលជាមួយ អ៊ុំប្រុស អ៊ុំស្រី ដែលជាមន្ត្រីចូលនិវត្តន៍ដោយសារសុខភាពសាធារណៈ នៃជំងឺកូវីដ-១៩ដែលអូសបន្លាយរហូតមកដល់ឆ្នាំ២០២៣នេះ។

បើតាមរបាយការណ៍របស់លោក ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាមអោយដឹងថាសមិទ្ធផលអនុវត្តផ្ទាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលរួមមាន៖ជួសជុលស្ថាបនាកំណាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុងតាខ្មៅ ចំនួន ៣២ខ្សែ ប្រវែងសរុប ១២៩,៥៦៣គ.ម។សាងសង់ស្ពានបេតុងចំនួន ៣កន្លែង ប្រវែង ១២០ម៉ែត្រ ក្នុងនោះ ស្ពានព្រែកដើមលាប(៦០ម)ស្ពានព្រែកតាសក(៣០ម) និងស្ពានព្រែកស្បូវ(៣០ម)។ជួសជុលច្រាំងព្រែកជ្រៃធំ ដោយរៀបដុំបេតុង មានបណ្តោយ ១០០ម៉ែត្រ។ដំឡើងភ្លើងសញ្ញាចរាចរណ៍មានចំនួន ១២កន្លែង នៅលើផ្លូវជាតិលេខ៦ ៣កន្លែង នៅលើផ្លូវជាតិលេខ៤ ១កន្លែង នៅលើផ្លូវជាតិលេខ២១ ៣កន្លែង នៅលើផ្លូវជាតិលេខ២ ៣កន្លែង នៅលើផ្លូវក្រុងលេខ២១០ ១កន្លែងនៅលើផ្លូវក្រុងលេខ២០៦ ១កន្លែង ។ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ចែកមួកសុវត្ថិភាព និងចែកបណ្ណអប់រំសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស នៅតាមដងផ្លូវ ទីប្រជុំជន សាលារៀនបានចំនួន៣២លើក។បង្រៀនច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម៉ូតូ និងត្រីចក្រយានយន្ត បានចំនួន ៧០លើក ស្មើនឹង៤,២០១នាក់៕

អត្ថបទទាក់ទង