++++++++ខេត្តកណ្តាល៖ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសាលាស្រុកកោះធំ ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បានជំរុញដល់អាជ្ញាធរស្រុក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យស្រុកកោះធំប្រែមុខប្រែមាត់ជាបណ្តើរៗ ត្រូវតែបង្ក្រាបទប់ស្កាត់ និងអនុវត្តទៅតាមវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ ដើម្បីថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តនោះ គឺមិនឲ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន។ ឯកឧត្តមក៏បានកោតសរសើរដល់គណៈបញ្ជាការឯកភាពស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀត ដោយចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរាល់បទល្មើសទាំងឡាយ ជាពិសេសបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងទឹកដីស្រុកកោះធំទាំងមូល និងជំរុញការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធអោយបានឆាប់រហ័សដើម្បីកាត់បន្ថយវិវាទផ្សេងៗ ស្របតាមផែនការរបស់ឯកឧត្តមអភិបាលខេត្ត និងសូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់តេលេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត អោយបានគ្រប់ៗគ្នា ដើម្បីទទួលព័ត៌មានទាន់ហេតុការណ៍ និងបញ្ជៀសព័ត៌មានក្លែងក្លាយ ចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយការលំបាករបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕