ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មាតាបិតា និងអាណាព្យាបាល ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចំនួន៣៤នាក់ ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំសែនរីករាយ) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរ ក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ និងបានជូនដំណើរ ទៅចូលហ្វឹកហ្វឺននៅ មជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំសែនរីករាយ ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ការខិតខំប្រឹងប្រែងរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទ នាពេលកន្លងមក បានយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ច រក្សាបាននូវ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខេត្តកណ្តាល បាននឹងកំពុងធ្វើការអភិវឌ្ឍរីកចម្រើនប្រកបដោយ ចីរភាពលើគ្រប់វិស័យ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ផ្ដាំផ្ញើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ត្រូវខិតខំរៀន ដោយ ត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ ។ ទន្ទឹមនឹងនោះ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបាន អនុញ្ញាតឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេស ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។