រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គចិត្ត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បន្តសហការគ្នា និងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គចិត្ត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ការងារចុះបញ្ជីដៃធ្លីមានលក្ខណៈជាប្រព័ន្ធ មានអត្ថប្រយោជន៍ជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ គឺធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី តាមរយៈការផ្ដល់ជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង), ចូលរួមកាត់បន្ថយ និងលុបបំបាត់នូវវិវាទដីធ្លី (ជម្លោះព្រំប្រទល់ ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង), ជាវត្ថុតាងស្របច្បាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេនបន្ត (អំណោយ ដល់កូន ចៅ និងសាច់ញាតិផ្សេងទៀត), បង្កើតទីផ្សាដីប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង, ជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ, អាចយកទៅប្រើប្រាស់ជារបស់សម្រាប់ធានាការខ្ចីប្រាក់ពីធនាគារ ដើម្បីបានទន់មកប្រើប្រាស់សម្រាប់ពង្រីកមុខរបរ និងការងារផ្សេងៗ, ធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ, អាចបង្កើនតម្លៃដីកាន់តែបានថ្លៃ និងប្រកបដោយទំនុកចិត្ត, ទទួលបានចំណូលពីពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនប្រើប្រាស់។ ជាមួយគ្នានេះផងដែរ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបាន តាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាន សេវា កាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណនេយ្យភាព។ បន្តរួមសហការគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោ បាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្ដាល ប្រតិបត្តិការចប់បានពីរក្រុង ស្រុកគឺ៖ នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នឹងកំពុងបន្តអនុវត្តនៅ ស្រុកល្វាឯម ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកពញាឮ ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកលើកដែក ។ លោកប្រធានមន្ទីរ បន្តថា គិតតាំងពីការចាប់ផ្តើមដំណើរការចុះបញ្ជីជាលក្ខណៈប្រពន្ធរហូតមកដល់ពេលនេះ ទូទាំងខេត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖-ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៩៩ឃុំ ស្មើនឹង ៦០៦ភូមិ-ប្រមូលទិន្នន័យ, បញ្ចូល និងគូរ បានចំនួន ៤០៩,៥៧៤ ក្បាលដី-បិទផ្សាយទិន្នន័យ បានចំនួន ៣៨២,៤៣៨ក្បាលដី-កំណត់ព្រំ បានចំនួន ៤០៥,២៩០ក្បាលដី-វិនិច្ឆ័យ បានចំនួន ៤០៥,២៩០ក្បាលដី-ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៤២,៩២៣ប័ណ្ណ-ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ បានចំនួន ២៧០,៩២៦ប័ណ្ណ។

អត្ថបទទាក់ទង