ខេត្តកណ្តាល៖ក្បាលដីចំនួន២ភូមិ គឺភូមិព្រែកតាបែន និងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ស្មើនិង១,៣១៥ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតក្នុងវត្តព្រែកអញ្ចាញ។លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនដែលមានដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់នេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។លោកបន្តថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ៤ខែឧសភា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ក្នុងឱកាសនោះលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិទាំង២ខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។លោកអភិបាលស្រុក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមJoin Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងChannel Telegram របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីទទួលបានព័ត៌មានពិតប្រាកដ រហ័ស និងច្បាស់លាស់៕