ខេត្តកណ្ដាល៖ លោកឧកញ៉ា សុខ ស្រស់ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ បន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង និងបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ដែលប្រព្រឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់ អាណត្តិថ្មី និងអាណត្តិបន្ត និងមានការចូលរួមពី ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងអាណត្តិទី៣ លើកទី១ សមាជិកថ្មីចំនួន ៧រូបរួចមក ដើម្បីបំពេញបន្ថែម ជាមួយសមាជិកបន្តអាណត្តិ ចំនួន ០៨រូបទៀតរួចមក នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១ ដែលមានបេក្ខជន ២រូបឈរឈ្មោះ គឺលោកឧកញ៉ា សុខ ស្រស់ និងលោក ហៀង ប៊ុនហេង។ ជាលទ្ធផលនៃការបោះឆ្នោតសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង បោះឆ្នោតគាំទ្រលោកឧកញ៉ា សុខ ស្រស់ ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរចំពោះលោកឧកញ៉ា សុខ ស្រស់ ត្រូវបានជាប់ជាជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣ លើកទី១។ ឯកឧត្តម បានស្នើដល់ ប្រធានសភាពាណិជ្ជកម្មថ្មី សូមសហការគ្នាឱ្យបានល្អជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាលមានអ្នកវិនិយោគមកវិនិយោគនៅខេត្តកណ្ដាល កាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ខេត្តកណ្ដាលគឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំង ខាងផ្នែកសេដ្ឋកិច្ចព្រោះជាខេត្តដែលហ៊ុំព័ទ្ធរាជធានីភ្នំពេញ មានព្រលានយន្តហោះខ្នាតអន្តរជាតិ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងមានស្ពានធំៗជាច្រើនព្រមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គផងដែរ។ ដូចនេះខេត្តកណ្ដាលគឺជាខេត្តដែលមានសក្ដានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេសមកវិនិយោគនៅខេត្តកណ្ដាលទទួលបានឱកាសចំណេញច្រើនផងដែរ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់ប្រធានសភាពាណិជ្ជកម្មថ្មី សូមមានការសាមគ្គីភាពគ្នាឱ្យបានល្អ ជាមួយសមាជិកទាំងអស់ ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មឱ្យបានល្អ ធ្វើយ៉ាងណាឱ្យសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះផងដែរឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្ឃឹមយ៉ាងមុខមាំថាប្រធានសភាពាណិជ្ជកម្មថ្មី នឹងបន្តខិតខំគៀងគររកអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសឱ្យបានច្រើនមកវិនិយោគនៅខេត្តទាំងពីរកណ្ដាល-កំពង់ឆ្នាំង ព្រមជាមួយគ្នានេះផងដែរត្រូវខិតខំដោះស្រាយនៅបញ្ហាប្រឈមក៏ដូចជាសំណូមពររបស់អាជីវករឱ្យបានល្អនិងមានប្រសិទ្ធភាពខ្ពស់ផងដែរ។