រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានដឹកនាំកងកម្លាំងទាំង០៣ប្រភេទ រួមជាមួយអាជ្ញាធរស្រុកស្អាង ដោយមានកិច្ចសហការជាមួយក្រុមការងាររុករក និងសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើងនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងផ្ទះ ស្មើរនឹង២១ គ្រួសារ រងផលប៉ះពាល់ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន ០២ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ ហើយក្នុងហេតុការណ៍បាក់ស្រុតច្រាំងនេះដែរមិនបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការបាក់ស្រុតច្រាំងទន្លេបាសាក់នេះដែរ បណ្ដាលមកពីទឹកទន្លេបានស្រុកចុះទើបបណ្ដាលឱ្យមានការទាញដី ទើបធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗ។ ក្នុងនោះដែរអាជ្ញាធរខេត្តក៏បានណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារៈ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ។ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងរកទីតាំងដែលមានសុវត្ថិភាព។ ឱកាសនេះដែរ ឯកឧត្តមរដ្ឋាភិបាលរងខេត្ត បានចូលរួមសោកស្ដាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ ដែលគ្មានអ្នកណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងលើប្រជាពលរដ្ឋរបស់យើងណាម្នាក់ឡើយ។

អត្ថបទទាក់ទង