ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ និងក្រុងសំពៅពូន និងដំណើរការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោក ផាន់ ឫទ្ធិពល ប្រធាន គ.ខ.ប កណ្តាល។ លោក ផាន់ ឫទ្ធិពល ប្រធាន គ.ខ.ប កណ្តាល បានឱ្យដឹងថា ក្រុងអរិយក្សត្រ មានអង្គបោះឆ្នោតចំនួន៦៥រូប គណបក្សប្រជាជនកម្ពុជា ទទួលបានសំលេងគាំទ្រចំនួន៥៤សំលេង ស្មើនឹង១៦អាសនៈ និងគណបក្សភ្លើងទៀន ទទួលបានសំលេងគាំទ្រចំនួន១១សំលេង ស្មើនឹង៣អាសនៈ និងក្រុងសំពៅពូន មានអង្គបោះឆ្នោតចំនួន៥១រូប គណបក្សប្រជាជនកម្ពុជា ទទួលបានសំលេងគាំទ្រចំនួន៣៧សំលេង ស្មើនឹង១៤អាសនៈ និងគណបក្សភ្លើងទៀន ទទួលបានសំលេងគាំទ្រចំនួន១៤សំលេង ស្មើនឹង៥អាសនៈ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងនាមឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការ គោរព និងកោតសរសើរដោយស្មោះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល (គ.ខ.ប កណ្ដាល) គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ភាគីពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងថ្មីៗនេះ ការបោះឆ្នោតឡើងវិញដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។