ខេត្តកណ្ដាល៖ លោក អេង សុវិចិត្រ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងលោក ឆែ វណ្ណឌី ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកោះធំ ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានចូលរួមអបអរសាទរ ចំពោះលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងសំពៅពូន និងស្រុកកោះធំ ដែលត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងនាឱកាសនេះ ដើម្បីបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន និងរដ្ឋបាលស្រុកកោះធំឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលក្រុង-ស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលក្រុង-ស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឲ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៃក្រុង-ស្រុកទាំងពីរ ត្រូវខិតខំរក្សាឲ្យបាននូវ សន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅធ្វើឲ្យស្រុកកោះធំ និងក្រុងសំពៅពូន អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ដោយសារស្ថានភាពស្រុកកោះធំ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ទើបរាជរដ្ឋាភិបាលបានសម្រេចបំបែក និងបង្កើត ក្រុងសំពៅពូន នៃខេត្តកណ្តាល តាមរយៈអនុក្រឹត្យលេខ ២៦៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ, ឃុំព្រែកជ្រៃ, ឃុំព្រែកស្ដី, ឃុំជ្រោយតាកែវ និងឃុំសំពៅពូន ដើម្បីពន្លឿនការអភិវឌ្ឍ ក៏ដូចជាជួយសម្រួលលើការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។