ខេត្តកណ្ដាល៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ក្រោមអធិបតី ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការយាងនិមន្តចូលរួមពីផងដែរ ពីតំណាងព្រះមន្ត្រីសង្ឃ តំណាងក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ឯកឧត្តម ឈិន កេតនា បានបញ្ជាក់ថា កាលបរិច្ឆេទនិងទីតាំង ប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវប្រារព្ធពិធីជាផ្លូវការ គឺនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ នាព្រឹកស្អែកនេះ ស្ថិតនៅបរិវេនភ្នំព្រះរាជទ្រព្យ ឃុំផ្សាដែក ស្រុកពញាឮ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ពិសេសកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវសហការគ្នាឱ្យបានល្អ ក្នុងកិច្ចការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរាបរយសារធារណៈក្នុងពិធីឱ្យប្រព្រឹត្តិទៅបានរលូន តាមការគ្រៀងទុក។