ខេត្តកណ្តាល៖រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណយ៉ាងច្រើនកុះករបានដង្ហែរបុណ្យវិសាខបូជាចេញដំណើរពីវត្តព្រែកឫស្សីជុំវិញក្រុងតាខ្មៅ ខេត្តកណ្តាល។ បុណ្យវិសាខបូជាគឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលព្រះពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈុន ស៊ីរុន បានមានប្រសាសន៍ថា៖ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ ដោយឡែក នៅខេត្តកណ្តាល ក៏មានការរៀបចំកម្មវិធីបុណ្យវិសាខបូជា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដូចជា ការសូត្របទសរភញ្ញថ្វាយព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល ប្រកាសវិសាខបូជាវេរភត្ត ប្រគេន ព្រះសង្ឃ ព្រះសង្ឃភត្តានុមោទនា លោកអាចារ្យឧទ្ទិស ថ្វាយព្រះរាជកុសល សូត្របទរម្លឹកគុណព្រះពុទ្ធបរមគ្រូ ។ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសសូមឱ្យគុណបុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុតាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើនជារៀងរហូត៕