រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តនាខែបន្ទាប់

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តនាខែឧសភា នៅសាលាខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្ត ដល់មន្ត្រីរាជការតាមបណ្ដាមន្ទីរ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចខ្លួនឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំរើសផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ខេត្តកណ្ដាលទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើន កសាងបាននៅសមិទ្ធផលថ្មីៗកាន់តែច្រើនឡើងថែមទៀត។ទន្ទឹមនិងនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល គ្រោងរៀបចំបំពាក់មេដាយគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូន ដល់មន្ត្រីរាជការដែលមានស្នាដៃល្អក្នុងការបំពេញការងារ រួមមាន៖ មេឃុំ មេភូមិ ក្រុមប្រឹក្សឃុំ-សង្កាត់ គ្រូបង្រៀន ត្រូពេទ្យ និងកងម្លាំងមានសមត្ថកិច្ច ដើម្បីជាគាំទ្រ លើកទឹកចិត្ត ការឆ្លើយតបចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមកនេះ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញ ដល់មន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាលឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក្ខ ហើយចំពោះប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានធ្វើរួច,ត្រូវចែជូនដល់ដៃប្រជាពលរដ្ឋឱ្យបានលឿនបំផុតដល់ផ្ទះ ហើយមិនត្រូវទារលុយពីពួកគាត់ជាដាច់ខាត។សម្រាបអាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរឹង ត្រូវធ្វើយ៉ាងណាត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យមានការឆក់ល្វែង ក្នុងការពារថែរក្សាសន្តិសុខសណ្ដាបធ្នាប់ជូនថ្នាក់ដឹកនាំសំខាន់ៗ ដែលអញ្ចើញមកជាអធិបតីក្នុងពិធីបើកការដ្ឋាន និងសម្ពោនសមិទ្ធផលនានាក្នុងខេត្តកណ្ដាល ឱ្យបានល្អប្រសើរបំផុត ។ ជាពិសេស អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពក្រុង-ស្រុកឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យទទួលបានចំណាត់ថ្នាក់ល្អ។

អត្ថបទទាក់ទង