ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ប្រកបដោយស្វាមីភក្ដិដ៏ជ្រាលជ្រៅ បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា ប្រោះព្រំ ព្រះសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមបានសមប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិតរៀងទៅ៕