ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីទទួលអំណោយមនុស្សធម៌ជា ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីលោកឧកញ៉ា ជា ដាណា អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេស្ទលែនដ៍ អមដំណើរដោយលោក ថន សុកលីម នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងសាលាអន្តរជាតិ វេស្ទលែនដ៍ សាខាក្រុងតាខ្មៅ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឍ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ "រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម"។ អំណោយមនុស្សធម៌ដែលចូលលោកឧកញ៉ា ជា ដាណា អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេស្ទលែនដ៍ ចូលរួមឧបត្ថម្ភរួមមាន៖ អង្ករចំនួន ២តោន ,ទឹកសុទ្ធ ១០០កេស ,ត្រីខ ៥០យួរ ,មី ៥០កេស និងថវិកា ២,០០០$។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា និងសហការី ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាឱកាសនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។