រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបំពាក់គ្រឿងឥស្សរិយសជូនអតីតយុទ្ធជនកម្ពុជា មកពីក្រុង-ស្រុកចំនួន៤ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធ​ជនដែលបានអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្តាលរួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ។ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានមាន​ប្រសាសន៍ថា៖ ការ​ជួបជុំ​គ្នា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បង្ក​ឱកាស​ស្វែង​យល់ ​អំពី​បញ្ហា​ប្រឈម និង​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​មួយ​កម្រិត​ថែម​ទៀត​រវាង​ក្រុមការងារ​រាជរដ្ឋាភិបាល ​ជាមួយនឹង​បងប្អូន​អតីត​យុទ្ធ​ជន ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ការ​ដឹងគុណ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​អតីត​យុទ្ធ​ជន ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​កងទ័ព ជា​យុទ្ធ​ជន ស្គាល់​ច្បាស់​ពី​ការ​លំបាក និង​បាន​ឆ្លងកាត់​គ្រប់​ឧបសគ្គ​នៅ​ក្នុង​សមរភូមិ តស៊ូ​ប្តូរជីវិត ដើម្បី​រំដោះប្រជាជន និង​ប្រទេស​ជាតិ រហូត​ដល់​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ។ ឯកឧត្តម​បាន​បន្ត​ថា៖ នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញលេញ ដែល​ជា​ផ្លែផ្កា​នៃ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្រែក្លាយ​ពី​ស្ថានភាព​ នៃ​ការ​បំផ្លិចបំផ្លាញ ​ដោយសារ​វិនាសកម្ម​សង្គ្រាម មក​ជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​លំដាប់​លើ​គ្រប់​វិស័យ ហើយ​ក៏​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿង​បន្ថែម​ទៀត ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ ឯកឧត្តម ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាក្នុងឱកាសនេះគឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានជួយការគាំពារ ជម្រុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កៀរគរ និងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ដូចជាការផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែ (ប.ស.ស) ជូននិវន្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ មួយវិញទៀត រាជដ្ឋាភិបាលបាន ផ្តល់សម្បទានដីសង្គមកិច្ច និងការកសាងផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ផងដែរ។សូមបញ្ជាក់ថា៖អតីតយុទ្ធជនដែលត្រូវបំពាក់គ្រឿងឥស្សរិយយសមកពីក្រុង-ស្រុកចំនួន៤ រួមមាន៖ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ស្មើនិង១,៣០៣ នាក់៕

អត្ថបទទាក់ទង