រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២២៤១ប័ណ្ណជូនប្រជាពលរដ្ឋចំនួន ០២ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាលស្រុកល្វាឯម សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង លោក លោកស្រីនាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ គឺភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល នាពេលនេះមានចំនួន គឺភូមិថ្មគរ ចំនួន ១០២២ប័ណ្ណ និងភូមិផ្លូវត្រី ចំនួន១២១៩ ប័ណ្ណ សរុបចំនួន ២២៤១ ប័ណ្ណ។មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមអភិបាលខេត្តបន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ជូន បងប្អូន ប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ។

អត្ថបទទាក់ទង