ខេត្តកណ្ដាល៖ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានក្រុមដឹកនាំគណៈប្រតិភូនៃធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារធនាគារពិភពលោក ដើម្បីមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅស្រុកមុខកំពូល។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានថ្លែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារធនាគារពិភពលោក ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា នៃបេសកកម្មគាំទ្រគម្រោងលើកទី៥ របស់ធនាគារពិភពលោក ទៅលើការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ស្រុកមុខកំពូល ដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ហើយគណនេយ្យភាពសង្គម ក៏ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាល កិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងធានាដល់ការបង្កើតនូវតម្លាភាពជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ការយកចិត្តទុកដាក់លើតម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមជនងាយរងគ្រោះ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិភាជន៍ ការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ព្រមទាំងការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងមូលដ្ឋាន។ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារធនាគារពិភពលោក នាថ្ងៃនេះ នឹងផ្ដល់ជាបទពិសោធន៍ និងអនុសាសន៍ល្អៗដែលជាធាតុចូលដ៏សំខាន់ដល់ក្រុមការងារគណនេយ្យភាពសង្គមក្នុងស្រុកមុខកំពូល ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យកាន់តែទទួលបានលទ្ធផលប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។សូមបញ្ចាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារធានាគារពិភពលោក បានចុះត្រួតពិនិត្យការអនុវត្តការងារគណនេយ្យភាពសង្គម នៅរដ្ឋបាលឃុំព្រែកអញ្ចា សាលាបឋមសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកអញ្ចាញ និងមណ្ឌលសុខភាពព្រែកអញ្ចាញ ជាមួយជាមួយអាជ្ញាធរស្រុកមុខកំពូល ក្រុមការងារណនេយ្យភាពសង្គមថ្នាក់ស្រុក និងអង្គការជាដៃគូរនានា ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីចំនុចខ្លាំង និងចំណុចខ្សាយ នៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម សំដៅផ្តល់អនុសាសន៍ជាគន្លឹះដើម្បីធ្វើឱ្យការអនុវត្តការងារកាន់តែប្រសើរឡើង។