រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្តាល និងខេត្តអានយ៉ាង ប្រជុំបូកសរុបវាយតម្លៃលទ្ធផល សហប្រតិបត្តិការ ៦ខែចុងឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប ៦ខែដើមឆ្នាំ ២០២៣

ខេត្តកណ្តាល៖ ខេត្តកណ្តាល និងខេត្តអានយ៉ាង កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រជុំបូកសរុបវាយតម្លៃលទ្ធផល សហប្រតិបត្តិការ ៦ខែចុងឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប ៦ខែដើមឆ្នាំ ២០២៣ នៅសាលាខេត្តកណ្ដាល ដោយបានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ជិន អាញ់ធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ នៅតាមតំបន់ព្រំដែនរវាងខេត្តទាំង២ សំដៅរួមចំណែកធ្វើអោយតំបន់ព្រំដែនក្លាយជាតំបន់ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានថ្លែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរដោយស្មោះចំពោះខេត្តអានយ៉ាង និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងាររួមគ្នាប្រកបដោយកិច្ចសហប្រតិបត្តិការល្អជាទីបំផុត និងទទួលបានលិទ្ធផលជាផ្លែផ្កាយ៉ាងច្រើននាពេលកន្លងមក ដែលអាចបញ្ជាក់បានថា មិត្តភាពខេត្តទាំង២ គឺពិតរឹងមាំស្របតាមការវិវត្តន៍រីកចម្រើនថ្មី នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ។ ឯកឧត្តម ជិន អាញ់ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ខេត្តកណ្តាលដែលបានធ្វើបដិសណ្ឋាកិច្ចប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រួលក្នុងកិច្ចប្រជុំនេះ អាចប្រព្រឹត្តទៅប្រកបដោយភាពរលូន និងភាពជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តម ជិន អាញ់ធី បានមានប្រសាសន៍ដែលថា ខេត្តអាងយ៉ាង និងខិតខំរក្សាទំនាក់ទំនងជាប្រពៃណី ជាមួយខេត្តកណ្ដាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យតាមខ្សែរបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យប្រកបដោយចីរភាព។ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំនៃខេត្តទាំង២ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចប្រតិបត្តិការអភិវឌ្ឍន៍ ៦ខែដើមឆ្នាំ ២០២២កន្លងមក លើគ្រប់វិស័យដូចជា ៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ការងារខណ្ឌសីមា និងការងារបោះបង្គោលព្រំដែន ការងារពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ សិក្សាអប់រំ សុខាភិបាល គមនាគមន៍ដឹកជញ្ជូន ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពិសេសគឺការងារទំនាក់ទំនងផ្លាស់ប្ដូរគណៈប្រតិភូដើម្បីមកសួរសុខទុក្ខ និងធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកជាដើម។សូមបញ្ជាក់ផងដែរថា សំរាប់ទិសដៅនៃកិច្ចសហការ ៦ខែដើមឆ្នាំ២០២៣ ខេត្តទាំង២ក៏បានឯកភាពគ្នា អនុវត្តនូវរបាយ ការណ៍រួម និងសេចក្ដីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ។ បន្តអនុវត្តតាមខ្លឹមសារកំណត់ហេតុនៃលទ្ធផលកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ៦ខែចុងឆ្នាំ២០២២ រវាងខេត្តកណ្តាលនិងខេត្តអានយ៉ាង។ បន្តអនុវត្តខ្លឹមសារកំណត់ហេតុស្ដីពីការចុះសិក្សា កំណត់ទីតាំង ចំនួនផ្ទះទឹកនិងបែត្រី និងកំណត់ មូលហេតុនៃការបាក់ច្រាំង នៅតាមបណ្ដោយទន្លេបាសាក់-ទន្លេហូវនិងព្រែកជ្រៃធំ-ព្រែកប៊ិញយី(តាម បណ្ដោយព្រំដែនកម្ពុជា-វៀតណាម) រវាងក្រុមការងារខេត្តទាំង២។ បន្តអនុវត្តស្មារតីកិច្ចប្រជុំរវាងខេត្តទាំងពីរ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ស្ពានជ្រៃធំ-ឡុងប៊ិញ។

អត្ថបទទាក់ទង