ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំគឺឃុំកោះធំ(ក) ឃុំកោះធំ(ខ) ឃុំពោធិបាន ឃុំព្រែកថ្មី ឃុំលើកដែក និងឃុំកំពង់កុង ស្រុកកោះធំ ត្រូវបោះបង្គោលព្រំដីអោយបានច្បាស់លាស់ និងត្រៀមឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស នេះជាការថ្លែងរបស់ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ នៅសាលាស្រុកកោះធំ។ លោកបបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម។ ថ្លែងក្នុងឱកាសនោះ លោក ជួប សុទ្ធា អភិបាលរងស្រុកកោះធំ បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃប្រទេសកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសទៀតនោះការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជានប្តបន្ទាប់។ លោកអភិបាលរងឯស្រុក បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន៕