រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ឯកឧត្តមអភិបាលខេត្ត ស្នើដល់ អាជ្ញាធរស្រុកស្អាងត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបអោយបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុក ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិង គ្មានក្មេងទំនើង។ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យក្នុងកំឡុងពេលសាងសង់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារសាងសង់ អោយរួចរាល់តាមការគ្រោងទុក។ ទន្ទឹមនឹងនោះក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេស ដើម្បីអោយផ្លូវប្រើប្រាស់បានយូអង្វែង។

អត្ថបទទាក់ទង