រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងក្រេបយកចំណេះ និងលើកឡើងនូវចំនុចមិនទាន់ច្បាស់លាស់ឱ្យគ្រូឧទេសធ្វើការបកស្រាយ ដើម្បីយកមកអនុវត្តបំពេញ​ ភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរថែមទៀត និងក្លាយជាធនធានមនុស្សសម្រាប់ជួយដល់មូលដ្ឋានភូមិ​-ឃុំរបស់ខ្លួន។ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរងខេត្ត បានកោតសរសើរ និងអរគុណដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍តាមបណ្តាក្រុង-ស្រុកទាំង១៣ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដោយភាពទទួលខុសត្រូវ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងស្មារតីសាមគ្គីជាក្រុមសម្រេចបាននៅលទ្ធផលល្អប្រសើរ ដោយផ្តោតលើគុណភាពការផ្តល់សេវារួមមាន៖ រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ជាពិសេសផ្សារភ្ជាប់ការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងមន្ត្រីផ្តល់សេវា។ឯកឧត្ដម បានបញ្ជាក់ថា ខេត្តកណ្ដាល មកដល់បច្ចុប្បន្ន គឺមានអង្គភាពគោលដៅអនុវត្តគម្រោងគណនេយ្យភាពសង្គមនេះ សរុបចំនួន៦០០អង្គភាព ដោយនៅកម្រិតថ្នាក់ឃុំ-សង្កាត់គឺអនុវត្តស្មើនឹង១០០% នៃអង្គភាពទាំងបី ក្នុងនោះ មានរដ្ឋបាលឃុំសង្កាត់ចំនួន១២៧ នៅមណ្ឌលសុខភាពចំនួន១០៥ និងនៅសាលាបឋមសិក្សាចំនួន៣៦៧ ។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ផែនការអនុវត្តគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិនេះ គឺជាផ្នែកមួយ នៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល កម្ពុជា។ យើងទាំងអស់គ្នា សុទ្ធតែបានទទួលស្គាល់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការងារគណនេយ្យភាពសង្គម ពិតជាបានរួមចំណែកឱ្យការអនុវត្តតួនាទី ភារកិច្ច និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ សម្រាប់ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាយ៉ាងពិតប្រាកដ។សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន ១ថ្ងៃ ពេញ មានសិក្ខាកាមចូលរួមជាង ៩០នាក់។ សិក្សាទៅលើមេរៀនចំនួន៩ចំនុចរួមមាន៖ ទី១/ទិដ្ឋភាពទូទៅ នៃការអនុវត្តការងារគណនេយ្យភាពសង្គម។ទី២/តួនាទី និងភារកិច្ចរបស់ ផ្នែកផ្គត់ផ្គង់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម។ ទី៣/តួនាទី និងភារកិច្ចរបស់ផ្នែកតម្រូវការ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម។ ទី៤/ដំណើរការ និងនីតិវិធី អនុវត្តការងារគណនេយ្យភាពសង្គមផ្នែកផ្គត់ផ្គង់។ ទី៥/ការគ្រប់គ្រងហិរញ្ញវត្ថុ គម្រោងសមាហរណក ម្មឬគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី៦/ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម និងកម្មវិធីទូរស័ព្ទគណនេយ្យភាពសង្គម។ ទី៧/ការត្រួតពិនិត្យ តាមដាន ដោយប្រជាពលរដ្ឋ។ទី៨/ផែនការសកម្មភាពស្ដីពីការងារគណនេយ្យភាពសង្គម(ផ.ស.រ.គ) ទី៩/ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។

អត្ថបទទាក់ទង