ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីទទួលអំណោយ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយជាសម្ភារៈ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាស ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ២០២៣ ក្រោមប្រធានបទ" រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម" ។ ឯកឧត្ដមបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយមហន្ដរាយផ្សេងៗបានទាន់ពេលវេលា។ឯកឧត្ដម គង់ សោភ័ណ្ឌ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល អោយបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ។នាឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈយកមកធ្វើការចែកជូនដល់ប្រជាពល រដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា។សូមបញ្ចាក់ថា សប្បុរសជន ដែលបានផ្ដល់អំណោយមនុស្សធម៌ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលរួមមាន៖ ១/លោកឧកញ៉ា តែ តាំងប៉ បានផ្ដល់ថវិកា ចំនួន១០លានរៀល ទូរគៀបទឹកអំពៅ ១គ្រឿង និងទូរដាក់លក់ម្ហូបអាហារ ១គ្រឿង២/ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ថវិកាចំនួន ១០លានរៀល៣/លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ថវិកា ១ម៉ឺនដុល្លារអាមេរិក៤/លោក ប៊ុត ច័ន្ទណារ៉ា នាយកធនាគា FTB សាខាក្រុងតាខ្មៅ ថវិកា ២លានរៀល និងទី៥ លោកស្រី កា ធារិទ្ធ នាយិកាសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងតាខ្មៅ ថវិកា ២០ម៉ឺនរៀល។