ខេត្តកណ្តាល៖ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះព្រហ្មរក្ខិត សឿន ញាន ឡើងងារជាព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងបុណ្យផ្កាប្រាក់សាមគ្គី ស្ថិតនៅក្នុងវត្តឧត្តមគិរីបុព្វតាសិលាគង្គា ហៅវត្តជ្រុងថ្មក្រពើហារ ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សារ៉ាត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះពិធីបុណ្យផ្កាប្រាក់ ក្នុងវត្តឧត្តមគិរីបព្វតាសិលាគង្គាតាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋទូទៅមកធ្វើបុណ្យ ដូច្នេះការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីនិន្នាការរួម នៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស បានរួបរួមគ្នាជាធ្លុងមហាសាមគ្គី និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានចូលរួមសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះព្រហ្មរក្ខិត សឿន ញាន ឡើងងារជាព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកមុខកំពូល ខេត្តកណ្តាលឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបន្ដទៀតថា៖ ប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ និងការចែករំលែក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង៕