ខេត្តកណ្តាល ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល នារសៀលថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីចម្រើនព្រះបរិត្ត ប្រោះព្រំថ្វាយព្រះពរជ័យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងពិធីនេះដែរ មានការនិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន៖ ព្រះសង្ឈថ្នាក់រាជាគណៈ ,ព្រះចៅអធិការវត្តនៅក្នុងក្រុងតាខ្មៅ លោកជំទាវសមាជិកថ្នាក់កិត្តិយសសាខា ,ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការសាខា ,ក្រមប្រតិបត្តិសាខា ,ភរិយាថ្នាក់ដឹកនាំ និងលោកអាចារ្យ លោកតា លោកយាយ នៃវត្តប្រជុំនទី ហៅ វត្តក្រពើហា មួយចំនួនផងដែរ ។ ឯកឧត្តម គួយ ប៊ុនធឿន ជំនួសមុខឱ្យគណ:កិត្តិយសសាខា គណ:កម្មាធិការសាខា អនុសាខាក្រុង-ស្រុក ក្រុមកាកបាទក្រហមឃុំ-សង្កាត់ មន្ត្រីបុគ្គលិកក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមនៅទូទាំងខេត្តកណ្តាល ជាកូន ជាចៅ ចៅទួត សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុកាពរ និងសូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្ស ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសប្រទានព្រះពរជ័យសិរីមង្គលបវរមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រីព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងរៀង ដរាបតទៅ ៕