រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដា្ឋនជួសជុលផ្លូវបេតុងអាមេប្រវែង១៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងដាក់លូដោះទឹកប្រវែង ១០០០ម៉ែត្រ នៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដា្ឋនជួសជុលផ្លូវបេតុងអាមេប្រវែង១៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងដាក់លូដោះទឹកប្រវែង ១០០០ម៉ែត្រ នៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។មានប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិបាលរងខេត្ត ស្នើដល់អាជ្ញាធរក្រុងតាខ្មៅត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបអោយបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិង គ្មានក្មេងទំនើង។ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យក្នុងកំឡុងពេលសាងសង់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារសាងសង់ អោយរួចរាល់តាមការគ្រោងទុក។ ទន្ទឹមនឹងនោះក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេស ដើម្បីអោយផ្លូវប្រើប្រាស់បានយូអង្វែង។

អត្ថបទទាក់ទង