រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយលោកនាយក លោកស្រីនាយកា លោកគ្រូ អ្នកគ្រូ និងចែកសៀវភៅ សីលរតនៈ នៃវិទ្យាល័យក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ ជំនួយការសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីភាពក្នុង ពិធីសំណេះសំណាលជាមួយលោកនាយក លោកស្រីនាយកា លោកគ្រូ អ្នកគ្រូ និងចែកសៀវភៅ សីលរតនៈ នៃវិទ្យាល័យក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ ជាង៣០០នាក់ មកពីសាលានានាក្នុងខេត្តកណ្ដាល។ មានប្រសាសន៍ក្នុងពិធីនោះ លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។ ឯកឧត្ដម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ ជំនួយការសម្ដេច បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។ ទន្ទឹមនឹងនេះ ឯកឧត្ដម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ក៏បានផ្តល់នូវសៀវភៅ សីលរតនៈ ចែកជូនលោគ្រូ អ្នកគ្រូខាងលើម្នាក់១ក្បាល និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ ទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ នាំនាវាកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត។ ឯកឧត្ដម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

អត្ថបទទាក់ទង