រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តពោធិញាណ (ហៅវត្តអាស្រម) ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ

ខេត្តកណ្ដាល៖ សមិទ្ធផលនានាជាច្រើន នៃមជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តពោធិញាណ (ហៅវត្តអាស្រម) ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ រួមមានព្រះពុទ្ធរូបអភយមុទ្រៈ ខ្លោងទ្វារវត្ត កុដិ និងមិទ្ធផលនានាជាច្រើនទៀតត្រូវបានឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល កាត់ខ្សែរបូរសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមុខកំពូល ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងស្មារតី នៃវប្បធម៌ចែករំលែក សម្រាប់សាងសង់ និងស្តារសមិទ្ធផលជាច្រើន ក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តពោធិញាណរបស់នេះ ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះ មាន រយៈពេល ២៥ ឆ្នាំហើយ ។ ហើយនយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាម រ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល ត្រូវបន្តចុះមូលដ្ឋានឱ្យបាន ទៀងទាត់ជាប់ជាប្រចាំ និង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅ តាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, បញ្ហាគ្រឿងញៀន, ការជួញដូរមនុស្ស និង ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និង ឱ្យបានតឹងរឹងជាប់ជាប្រចាំ ។ ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុង មានការរីកចម្រើនយ៉ាងរហ័ស និងសូមប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប. ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃ អាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទទាក់ទង