រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងឃុំ សន្លុងឥតគិតថ្លៃ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ បានអញ្ជើញចុះ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងកម្មវិធីនៃការពិនិត្យសុខភាព និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺជាអំណោយ សប្បុរសធម៌របស់ឯកឧត្តមហ៊ុន ម៉ានី ដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗប្រមាណចំនួន៤១៨នាក់ មកពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួនសរុប៦.៧១៨នាក់។ ក្នុងឱកាសនោះឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍សំណេះសំណាលដោយបានថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុន ម៉ានី ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះ និងរយៈពេលកន្លងទៅនៅក្នុងខេត្តកណ្តាល ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកណ្តាល ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជននិងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ។ឯកឧត្តមបន្ថែមថា៖សន្តិភាព គឺមានតម្លៃដ៏លើសលប់ ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ ការរស់រាន មានជីវិត ការទទួលបាននូវសិទ្ធិនានា ដូចជាសិទ្ធិទទួលបាននូវសេវាសុខភាព សាធារណៈ របស់ ប្រជាពលរដ្ឋ ដែលបានផ្ដល់ឱកាសដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ ក្នុងការពិនិត្យពិគ្រោះជំងឺដល់បងប្អូនប្រជាពលរដ្ឋនា ពេលនេះ។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសន្តិភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើង ឱ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។ -គួរបញ្ជាក់ដែរថា៖ សម្រាប់ខេត្តកណ្តាល ក្នុងរយៈពេលកន្លងទៅនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មានចំនួន១៩លើកមកហើយ សរុបមានប្រជាពលរដ្ឋចូលរួម ៩៤,១២៤នាក់។(ប្រាំបួនម៉ឺន បួនពាន់ មួយរយ ម្ភៃបួន នាក់)ក្នុងនោះស្រ្តីមានចំនួន៥៥,២៣៦នាក់ (ប្រាំម៉ឺន ប្រាំពាន់ ពីររយសាមសិបប្រាំមួយ នាក់)៕

អត្ថបទទាក់ទង