ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាកណ្តាល បានដឹកនាំសហការី ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់គណៈគ្រប់គ្រង និងក្មួយៗ កុមារកំព្រាចំនួន៩៩នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញ្ញឹម នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពានាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាកណ្តាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេសសម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយនូវការលំបាកចំពោះរបស់ប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះខាត ឬអ្នករងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្ទហេតុផ្សេងៗ ។ ជាមួយគ្នាផងដែរ លោកនាយកសាខាក៏សូមថ្លែងអំណរដ៏ជ្រាលជ្រៅដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំមើលថែក្មួយៗតូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ចំណេះធ្វើ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគ និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត។ អំណោយបានប្រគល់ជូនសមាគមរួមមាន៖ អង្ករចំនួន ២តោន ,មី ១០កេស ,ត្រីខកំប៉ុង ៣៥កេស ,ទឹកត្រី ១០យួរ ,ទឹកសុទ្ធ ១០កេស,ម៉ាស់ក្រណាត់ ២កេស និងថវិកាចំនួន ២លានរៀល ។ ក្រៅពីនេះបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន ១៤នាក់ ក្នុង១នាក់ ៥ម៉ឺនរៀល និងក្មួយៗកុមារកំព្រា សិស្សានុសិស្ស ចំនួន ៩៩នាក់ ក្នុង១នាក់ ថវិកា ១ម៉ឺនរៀលផងដែរ៕