រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញគឿង ស្នងការរងនយោបាយ និងជាអនុប្រធានគណៈ ចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអបអរសាទរយ៉ាងខ្លាំងជូនចំពោះលទ្ធផល នៃកិច្ចប្រតិបត្តិការក្នុងការជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ រវាងអង្គ ភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K90 យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈការសាកសួរសុខទុក្ខ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅពូនជ្រុំ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យស្ថិតស្ថិរ រឹងមាំ យូរអង្វែង។ យើងទាំងអស់គ្នា តែងតែដឹងគុណជានិច្ចចំពោះការបូជាសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធ ក្នុងបណ្ត សម័យសង្គ្រាមដេញចក្រពត្តិអាមេរិក ជួយវៀតណាមបង្រួបង្រួមទឹកដី និងក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប ដារ៉ា បានឧទ្ទិសបួងសួងដួងញ្ញាណក្ខន្ធនៃកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជានិយាយជារួម និងនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និយាយដោយឡែក សូមបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការនិងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣នេះ កម្លាំងក្រុមK90 សហការជាមួយកម្លាំងយោធភូមិភាគពិសេស​ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាលជាស្នូល បានចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុ​នៅក្នុង​ភូមិ​សា​ស្ត្រ​​ ខេត្តកណ្តាល ចំនួន ៣៥ចំណុច ដោយសម្រេចលទ្ធផលចំនួន ៣៣ អដ្ឋិធាតុ ក្នុងនោះ៖ ជីកលើកក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល បានចំនួន ១៣ អដ្ឋិធាតុ។ ជីកលើកក្នុងភូមិសាស្ត្រស្រុកពញាឮបានចំនួន២០ អដ្ឋិធាតុ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានបន្ថែមថា កន្លងមកលើកិច្ចសហការស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយគិតពីជំហានទី១ រហូតដល់ជំហានទី២២ កិច្ចសហការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិ​ធា​តុ សម្រេច​បាន​លទ្ធផល​​សរុបចំនួន១,២៤៣ អដ្ឋិ​ធា​តុ​។

អត្ថបទទាក់ទង