ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ០២ភូមិ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តសុវណ្ណវារី ព្រែកតាទែន ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិស្លែងដីដុំ និងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយ សុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធិរបស់ខ្លួន។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់ ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូន ប្រជាពលរដ្ឋនាពេលនេះ ដែលសកម្មភាពរបស់ អស់លោក លោកស្រី គឺជាការរួមចំណែកអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់លើស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវ យុទ្ធនាការវាស់វែងដីធ្លី ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ក្នុងគោលបំណងការពារប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ។ ម៉្យាងវិញទៀត ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖១.ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី តាមរយៈការផ្តល់ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)។២.កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងតែម្តងនូវបញ្ហាវិវាទដីធ្លី។៣.ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្តល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។៤.ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្តល់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។៥.កាត់បន្ថយនូវបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដោយរដ្ឋជាអ្នករៀបចំ និងរ៉ាប់រងទាំងស្រុង លើការចំណាយក្នុងវាស់វែងដីធ្លីក្នុងបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ។ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៩០ លើកស្មើ នឹង ២៧១,១២៦ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៩១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពី ភូមិស្លែងដីដុះ ចំនួន២,៥៦៦/២,៦១៦ ក្បាលដី (៥០ក្បាលដី មិនចូលរួម មិនចេញប័ណ្ណ) និងភូមិព្រែកក្តី ចំនួន ៦៨៥/៧៨៨ ក្បាលដី (១០៣ក្បាលដី មិនចូលរួម មិនចេញប័ណ្ណ) សរុបចំនួន ៣,២៥១ ប័ណ្ណ។