រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត លើការអនុវត្តការងារគណនេយ្យភាពសង្គម

ខេត្តកណ្តាល៖ ក្នុងខេត្តកណ្តាល មានអង្គភាព គោលដៅអនុវត្តគម្រោងគណនេយ្យភាពសង្គម សរុបចំនួន៦០១អង្គភាព ដោយនៅកម្រិតថ្នាក់ឃុំ-សង្កាត់ស្មើនឹង១០០% ក្នុងនោះមានរដ្ឋបាលឃុំ-សង្កាត់ចំនួន១២៧ សាលាបឋមសិក្សាចំនួន៣៦៥ មណ្ឌលសុខភាព ចំនួន១០៧ ដោយឡែកនៅកម្រិតថ្នាក់ក្រុង-ស្រុកវិញមានចំនួន២ គឺអនុវត្តនៅស្រុកស្អាង និងក្រុងតាខ្មៅ។នេះជាការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត លើការអនុវត្តការងារ គណនេយ្យភាពសង្គម ក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរ ទាំង១៣ ក្រុង-ស្រុក តំណាងអង្គការដៃគូ និងអ្នកសម្របសម្រួលការងារគណនេយ្យភាពសហសគមន៍ជាង ៣០០នាក់។ឯកឧត្ដម ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ (ដែលជាតួអង្គ ស្ថាបនរដ្ឋ) និងផ្នែកតម្រូវការ(ដែលជាតួអង្គប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ) នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានការគាំទ្របច្ចេកទេសពីអង្គការដៃគូមួយចំនួនផងដែរ រួមមាន៖ អង្គការទស្សនពិភពលោកអន្តរជាតិ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ អង្គការសុវណ្ណភូមិ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ ។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា គម្រោងការអនុវត្តការងារគណនេយ្យភាពសង្គម I-SAF នេះ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានយន្តការដឹកនាំ និងការសម្របសម្រួលដាក់ឱ្យអនុវត្តពី គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) ដែលមានក្រសួង ស្ថាបនរបស់រដ្ឋ ជាសមាជិក នៃ(គ.ជ.អ.ប) ដោយមាន សម្ដេចក្រហោម សរ ខេង ជាប្រធានដឹកនាំ។ ចំពោះការអនុវត្តគម្រោង និងការប្រើប្រាស់នូវកញ្ចប់ថវិកាវិញ គឺមានការគាំទ្រគ្រប់អង្គភាពទាំងអស់ ពោលគឺមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ឃុំ-សង្កាត់។លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគខេត្តបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែមកនេះ រដ្ឋបាលខេត្តកណ្តាល បានអនុវត្ត និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ ឃុំ-សង្កាត់ទាំង១២៧ បានបង្កើតឱ្យមាននូវគណៈកម្មាធិការផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គម ថ្នាក់ឃុំសង្កាត់បាន១០០% ។ អង្គការដៃគូ បានសហការជាមួយឃុំ-សង្កាត់ ដើម្បីជ្រើសរើស អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) បច្ចុប្បន្នមានសរុបចំនួន ៥០៨នាក់។ ក្រុមការងារខេត្ត បានចុះប្រកាសសុពលភាពក្រុមការងារគណនេយ្យភាពសង្គមនៅ ថ្នាក់ស្រុក ដែលជាតំបន់គោលដៅពង្រីក និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ជូនដល់ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ និងស្រុកល្វាឯម។

អត្ថបទទាក់ទង