ខេត្តកណ្តាល៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកសមាគមសង្គហៈមិត្ត ជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រី រាជការបច្ចុប្បន្ន ដែលយន្តការទំនាក់ទំនងនេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១១ ក្រោមគំនិត ផ្តួចផ្តើមដ៏ពិសិដ្ឋ របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,បច្ចុប្បន្នជាប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នេះជាប្រសាសន៍របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅខេត្តកណ្តាល នារសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣។ លោកជំទាវមានប្រសាសន៍បន្តថា៖ការជួបជុំនាពេលនេះគឺក្នុងគោលបំណងសម្តែងនូវការដឹងគុណ និងការតបស្នងឧបការគុណដល់និវត្តជនទាំងអស់ក៏ដូចជាដើម្បីរំលឹកអនុស្សាវរីយ៍ និងបង្កើតឱកាសសម្រាប់ជំនួបរវាងមិត្តចាស់រួមជំនាន់ ដែលធ្លាប់បម្រើការងារជាមួយគ្នា និង ប្រកៀកស្មាគ្នា ,ក្នុងស្មារតីសាមគ្គីភាព និង ភាតរភាព ក្នុងការបំពេញភារកិច្ចជូនក្រសួង និងរាជរដ្ឋាភិបាល ក៏ដូចជាជូនប្រទេសជាតិយើងទាំងមូល ក្រោមបាវចនា ៣ គឺ ៖ មិត្តភាព, សាមគ្គីភាព និង សង្គហធម៌។ផ្អែកលើ គោលការណ៍ជាធរមានយើងបានបន្តធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈរបស់សមាគមនេះបន្ថែមទៀត ឱ្យស្របតាមបរិការណ៍នៃសង្គម- សមាជិកាទាំងសេដ្ឋកិច្ច សំដៅពង្រឹង និងពង្រីកអត្ថប្រយោជន៍ ឱ្យកាន់តែប្រសើរ ជូនដល់សមាជិកទាំងអស់ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ និងវិធានការនានា ដើម្បីរៀបចំផែនការសកម្មភាពឱ្យបានកាន់តែជាក់លាក់ ក្នុងគោលបំណងជំរុញសកម្មភាពមន្ត្រីរបស់យើង ឱ្យផ្សារភ្ជាប់និស្ស័យ និង ជួយគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងស្មារតីមនុស្សធម៌ ។ លោកជំទាវបន្ថែមថា៖យើងក៏ចង់បង្ហាញជូននិវត្តជនទាំងអស់ថា យើងនៅតែនឹករលឹក និងចងចាំជានិច្ចនូវរាល់ស្នាដៃ និងគុណូបការៈដែលលោកពូអ្នកមីង និងបងៗជាអតីត មន្ត្រីរាជការរបស់ក្រសួង បានចូលរួមដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់ជាតិ ក្នុងមួយជីវិតការងាររបស់ខ្លួនហើយយើងក៏ចាត់ទុកឱកាសនៃការជួបជុំគ្នានេះ ជាការភ្ជាប់និស្ស័យ ដែលយើងបានភប់ប្រសព្វ ក្នុងជីវភាពការងារក្រោមដំបូលស្ថាប័នតែមួយ ដែលមិនគួរបំភ្លេច ឬទុកឱ្យអតីតមន្ត្រីរាជការរបស់យើងណាម្នាក់នៅឯកោដោយគ្មានការអើពើឡើយ ។ក្នុងឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្តីទី បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមសមាគមសង្ហៈមិត្តមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងន័យពង្រឹងការរឹតចំណងសាមគ្គីនៃអតីតមន្ត្រីរាជការបានបំរើការងារជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តជួយផ្តល់ការគាំទ្រដល់អតីតបុគ្គលិក មន្ត្រីនិវត្តជនពេលជួបការលំបាកនេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះសុខទុក្ខរបស់មន្ត្រីរាជការពីការចាប់ផ្តើមបំរើការងារដំបូងរហូតដល់គាត់ទទួលមរណៈភាព៕