រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ៥០ អាណត្តិទី ៣

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ៥០ អាណត្តិទី ៣ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បន្តថា៖ ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានប្រឹក្សាខេត្ត ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។ ជាមួយគ្នានេះផងដែរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងកំឡុងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនីមួយៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះផងដែរ។ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ៥០ អាណត្តិទី ៣ មានរបៀបវារៈ៩ សំខាន់ៗដែលក្រុមប្រឹក្សាខេត្តត្រូវបានធ្វើការ ពិនិត្យ ពិភាក្សា និងអនុម័ត។

អត្ថបទទាក់ទង