រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ២ខ្សែ ប្រវែង ១៩៩១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិកំពង់ព្រីង និងភូមិសិត្បូ សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ផ្លូវបេតុង ២ខ្សែប្រវែង ១៩៩១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិកំពង់ព្រីង និងភូមិសិត្បូ សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានជួសជុល ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ៖ ផ្លូវបេតុងដែលត្រូវបើកការដ្ឋានជួសជុលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតដែលកើតចេញក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោល នយោបាយយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ»។ ដូច្នេះ ពីនេះតទៅមុខ យើងទាំងអស់គ្នា ប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាកេរ ទោះក្នុងកាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព ដើម្បីឱ្យកម្ពុជាក្លាយជាប្រជាជាតិ មានភាពសម្បូរសប្បាយ មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ និងដើម្បីឱ្យកម្ពុជាមានភាពធននៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាសនៃការរីកចម្រើន។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានលើកឡើងដែរថា ការជួសជុលផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១៩៩១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិកំពង់ព្រីង និងភូមិសិត្បូ សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការ លំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតីនៃ «វប្បធម៌ចែករំលែក» ជូនដល់ អាជ្ញាធរ ដើម្បីអនុវត្តគម្រោងជួសជុលផ្លូវបេតុងអាមេ នេះឡើង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ សារធារណៈ ប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ហើយឯកឧត្ដមអភិបាលរងខេត្ត ស្នើដល់ក្រុមហ៊ុនសាងសង់ផ្លូវ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស សំដៅឱ្យផ្លូវនេះមានគុណភាពល្អ អាចប្រើប្រាស់បានយូអង្វែង។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ បាវចនា ២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»។ បន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត។ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ត្រូវឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាច សាហាវ ប្រកបដោយប្រសិទ្ធភាព។

អត្ថបទទាក់ទង