រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២ឆ្នាំ ជាកម្មវិធីជំនួយ​សង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើនផ្សេងទៀត ដែលបាននឹងកំពុងអនវុត្តដោយមូលនិធិជាតិ​ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅធានាបាន​នូវតម្លាភាព សង្គមគណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទទួលផល ឱ្យជ្រើសយកសេវាសុខភាព នៅតាមមូលដ្ឋានសុខា​ភិបាល​សាធារណៈ។លោកជំទាវបានបញ្ចាក់ដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអញ្ចើញចូលរួមពីលោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកនិងមន្ត្រីពាក់ព័ន្ធប្រមាណ ៤០០នាក់។លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីប្រកាស លេខ០៣ ប្រក.ព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆាំ្ន ដែលការដំឡើងកម្រិតនេះ គឺសបញ្ជាក់ឱ្យឃើញ កាន់តែច្បាស់ ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតានិងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទានិង បញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច។ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកជំទាវ បានថ្លែងនូវអំណរគុណចំពោះប្រមុខ រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ គ្រួសារមានហារនិភ័យ និងកម្មវិធី គាំពារ សង្គមជាច្រើនទៀត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធ និងសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអស់លោក លោកស្រី ដែលបានខិតខំអនុវត្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នាពេលកន្លងមក ទទួលបានលទ្ធផលល្អ។លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត បានមានប្រសាសន៍ថា គិតត្រឹមពីចាប់ផ្តើមកម្មវិធីមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្រាប់ខេត្តកណ្តាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ អ្នកទទួលផលសរុបចំនួន ៩,៥៧៧នាក់ ក្នុងនោះស្ត្រីចំនួន ៦.៤១៥នាក់ និងកុមារចំនួន ៣,១៦២នាក់ ចំណាយថវិកាសរុបចំនួន ៣,៩៧០,៦០០,០០០ រៀល ។

អត្ថបទទាក់ទង