ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងខេត្ត សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានតម្រូវឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអជ្ញាធរទាំង១៣ក្រុង-ស្រុក ត្រូវពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានារបស់ខ្លួន ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសត្រូវរួមគ្នាពិនិត្យ ពិភាក្សាស្វែងរកបញ្ហាប្រឈមផ្សេងៗ យកមកដោះស្រាយអោយបានទាន់ពេលវេលា សំដៅធ្វើឱ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ឯកឧត្ដមបានបញ្ចាក់ថា គំរោងដែលបានលេីកឡេីងក្នុងកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងផ្តល់ឱកាសជូនសមាជិកអង្គប្រជុំ ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែម ទៅលើចំនុចខ្វះខាត ដើម្បីបំពេញបន្ថែម ឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ឯកឧត្តមបានជំរុញ ដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវពិភាក្សាគ្នាឱ្យបានស៊ីជម្រៅក្នុងការចាត់អទិភាពគម្រោង ដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ត្រូវខិតខំឱ្យអស់ពីលទ្ធភាព ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងខេត្ត ទទួលបានជោគជ័យ។ គួបញ្ជាក់ផងដែរថា សម្រាប់គម្រោងវិនិយោគខេត្តកណ្ដាល ឆ្នាំ២០២៤ ខេត្តមានគម្រោងសរុបប្រមាណ ៨២គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមាន ៤៥គម្រោង ផ្នែកសង្គមកិច្ចមាន ៧គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុមាន ២២គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមាន ៨គម្រោង។