រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល រៀបចំសិក្ខាសាលាចម្លាក់ពុម្ពស្តីពី “តំណភ្ជាប់”

ខេត្តកណ្ដាល៖ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានលើកឡើងនៅក្នុងសិក្ខាសាលាចម្លាក់ពុម្ពស្តីពី "តំណភ្ជាប់" នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ថា៖ សិក្ខាសាលានេះ ផ្ដោតសំខាន់ទៅលើ អាជីវករ សិប្បករ ប្រកបរបរវិស័យសិល្បៈសិប្បកម្ម និងសិល្បៈសូនរូប ជាពិសេសផ្នែកចម្លាក់ ដែលជាអ្នកស្រឡាញ់ ថែរក្សាសិល្បៈចម្លាក់ខ្មែរ ទទួលបានចំណេះដឹងបន្ថែម ពីការតភ្ជាប់ និងការជួសជុល ចម្លាក់ពុម្ព,ចម្លាក់ថ្ម,ឈើ,ស្មិត ស្របតាមក្បួនខ្នាត និងបច្ចេកទេស ដើម្បីមានភាពងាយស្រួលក្នុងការផលិតស្នាដៃសិល្បៈចម្លាក់ខ្មែរ និងផ្សព្វផ្សាយអំពីសិល្បៈចម្លាក់ខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរទូទៅបានឃើញ បានប្រើប្រាស់នូវផលិតផល ខ្មែរ ស្របតាមក្បួនខ្នាត ក្បាច់រចនាដ៏ល្អផូរផង់នៃសិល្បៈវប្បធម៌ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក។ លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បន្តថា៖ ចម្លាក់ គឺជាមុខរបរមួយ បែបសិល្បៈ និងវប្បធម៌ ក្នុងចំណោមចម្លាក់ថ្ម ឬចម្លាក់ឈើ,ស្មិត ដែលធ្វើជារូបសិល្បៈតាំងលម្អ និងរូបវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើង ប្រើប្រាស់ ឬសម្រាប់ដាក់តាំងលម្អតាមទីសាធារណៈ និងក្នុងទីវត្តអារាមនានា ស្របតាមប្រពៃណី ជំនឿសាសនា ហើយចម្លាក់ ទាំងនោះ មានប្រភេទពណ៌ ទំហំ និងក្បាច់រចនាខុសៗគ្នា ទៅតាមភូមិសាស្ត្រផលិត និងរសនិយមរបស់បងប្អូនខ្មែរយើង ដែលនាំឱ្យការផលិតចម្លាក់មិនបានត្រឹមត្រូវ ទៅតាមក្បួនខ្នាតរបស់ដូនតាខ្មែរយើង ដែលនេះគឺជាក្តីបារម្ភមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់។ លោកស្រី ប្រធានមន្ទីរ បន្ថែមថា៖ ឆ្លងកាត់សិក្ខាសាលានេះហើយ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករសិប្បករទាំងអស់ ពិតជាបានយល់កាន់តែច្បាស់អំពីបច្ចេកទេសផលិត និងជួសជុលចម្លាក់ ទាំងអត្ថន័យ ខ្លឹមសារការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទាំងក្បួនខ្នាត ក្បាច់ចម្លាក់ និងចូលរួមផ្សព្វផ្សាយឱ្យមហាជនយល់ដឹងពីតម្លៃ និងការចេះស្រលាញ់ សិល្បៈចម្លាក់ខ្មែរ ជម្រុញឱ្យស្នាដៃសិល្បៈចម្លាក់ខ្មែរមានការកោតសសើរ និងត្រូវបានគេទទួលស្គាល់ជាសកល។ ក្នុងឱកាសនោះដែរ លោកស្រី បានសំណូមពរដល់អាជីវករ សិប្បករ និងអង្គសិក្ខាសាលាទាំងអស់ សូមធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់អំពីក្បួនខ្នាតក្បាច់ចម្លាក់ខ្មែរ បើយើងមិនបានយល់អំពីក្បួនខ្នាតទាំងនោះទេនោះយើងងាយនឹងច្រឡំ ហើយបរទេសងាយនឹងចម្លង យកទៅនិយាយថាជារបស់គេ ដែលនាំឱ្យស្នាដៃនៃបុព្វ បុរសខ្មែរ ត្រូវបានបាត់បង់។ ដូចនេះ យើងទាំងអស់គ្នា ត្រូវចូលរួមរក្សាឱ្យបាននូវក្បាច់ចម្លាក់ស្របតាមក្បួនខ្នាត របស់យើងឱ្យបានគង់វង្ស បន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

អត្ថបទទាក់ទង