ខេត្តកណ្ដាល៖ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានអញើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គគ្រប់គងកម្រិត១ ឆ្នាំ២០២៣ ដល់អភិបាលរងក្រុង-ស្រុក-ខណ្ឌ។ថ្លែងក្នុងពិធីនេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានចាត់ទុកវត្តសិក្សានេះ គឺជាការផ្តល់ការបណ្ដុះបណ្តាលជាកាតព្វកិច្ចដល់មន្ត្រីរាជការស៊ីវិល ជាអភិបាលរង ក្រុង ស្រុក ខណ្ឌ សំដៅលើកកម្ពស់ការអនុវត្តការងារប្រចាំថ្ងៃ នៅតាមអង្គភាពប្រកបដោយប្រសិទ្ធភាព និងចក្ខុវិស័យខ្ពស់ តាមរយៈការផ្តល់នូវចំណេះ និងជំនាញចាំបាច់។ ឯកឧត្ដមអភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គនេះ គឺគ្រាន់តែជាជំហានដំបូងនៃការបណ្តុះបណ្តាល រដ្ឋបាលខេត្តនៅមានការបណ្តុះបណ្តាល និងវគ្គសិក្សាជាច្រើនទៀត ដែលរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សា គណៈភិបាលក្រុង ស្រុក ខណ្ឌ របស់យើង។ឯកឧត្ដមអភិបាលរងខេត្ត ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងពីគ្រូរបស់យើងយកទៅអនុវត្តន៍បន្តឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលក្នុងការបំរើការងារនៅមូលដ្ឋានជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ឯកឧត្តម សូ មុនីរក្សា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងកម្រិត១ ឆ្នាំ២០២៣នាពេនេះ គឺមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា មានសិក្ខាកាមជាអភិបាលរងក្រុង ស្រុក ខណ្ឌ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែងខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ចូលរួមសិក្សា សរុប ៤៣រូប ស្រី១០រូប ។សូមបញ្ជាក់ថា វត្តនេះសិក្សា ទៅលើប្រធានបទចំនួន ១៨ប្រធានបទសំខាន់ៗរួមមាន៖ ១/កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ២/អភិបាលកិច្ចល្អ ៣/ការគ្រប់គ្រងបុគ្គលិក ៤/ការគ្រប់គ្រងហិរញ្ញវត្ថុ ៥/ការផ្តល់សេវាសាធារណៈ ៦/ការគ្រប់គ្រងគ្រោះមហន្តរាយ ៧/ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ៨/ការរៀបចំគោលនយោបាយមូលដ្ឋាន ៩/ការគ្រប់គ្រងផ្អែកលើលទ្ធផល ១០/ការដោះស្រាយវិវាទ ១១/ការតាក់តែងអត្ថបទ ១២/ព័ត៌មានវិទ្យាសម្រាប់ការិយាល័យ ១៣/ភាពជាអ្នកដឹកនាំ ១៤/ការអភិវឌ្ឍបុគ្គល ១៥/ការចូលរួមរបស់ប្រជាពលរដ្ឋ ១៦/សមធម៌សង្គម និងបរិយាប័ន្ន ១៧/ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និង១៨/ការធ្វើការងារក្រុមប្រកបដោយប្រសិទ្ធភាព។