រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ នៅក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ក្នុងឱកាសនេះដែរ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ចំពោះឧបទ្ទវហេតុដែលយើងទាំងអស់គ្នាមិនចង់ឱ្យកើតមានឡើងនៅលើខ្លួនយើងទាំងអស់គ្នាឡើយ។ ជាមួយគ្នានេះផងដែរលោកនាយកសាខា ក៏បានជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រមាណម៉ោង២១:៤៥នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមានករណីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នងសង់អំពីថ្មក្រោម ឈើលើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា មានប្រវែង០៧ម៉ែត្រx០៩ម៉ែត្រ បណ្ដាលឱ្យខូចខាតសម្ភារ:រួមមាន៖- រថយន្តCRVពណ៌ខ្មៅ០១គ្រឿង- ម៉ូតូកង់បីឥណ្ឌាពណ៌ស០១គ្រឿង- ម៉ូតូហុងដាគប់០១គ្រឿង- កង់ចំនួន០១- លុយចំនួន២០០០ដុល្លា- ទូរទស្សន៍ចំនួន០១ - ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទទួលបាន៖ អង្ករ ១០០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ម៉ាស ១ដុំ, សម្ភារៈផ្ទះបាយ ១ឈុតធំ, តង់កៅស៊ូ ១ផ្ទាំង និងថវិកា៦០ម៉ឺនរៀល។ ជាមួយគ្នានេះផងដែរអនុសាខាកាកបាទក្រហមក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, មុង១, ភួយ១, សារ៉ុង២, សម្ភារៈផ្ទះបាយ ១ឈុតធំ, តង់កៅស៊ូ ១ផ្ទាំង និងថវិកា២០ម៉ឺនរៀល។

អត្ថបទទាក់ទង